សូមមេត្តាកុំមើលរំលងការរាគរូសរ៉ាំរៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ!

ការរាគរ៉ាំរៃ អាចជាបញ្ហាក្នុងចំណោមបញ្ហាជាច្រើន ដែលក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឬសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត តែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។

0
906

ក) មូលហេតុ

កត្តាបង្កឲ្យមានការរាគរ៉ាំរៃគឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្រ្តលក្ខណៈឯកទេសផងដែរដូចជាៈ
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ
– ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire)
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux)
– មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie)
– ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
– វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)

ខ) រោគសញ្ញា

រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរៃមានៈ
– ក្តៅខ្លួន រងារញាក់
– ឈឺចុកចាប់ក្នុងពោះ
– លាមកមានលាយឈាម សំបោរ ឬខ្ទុះ
– ស្រកទម្ងន់លឿន និងខុសពីធម្មតា
– អស់កម្លាំង ល្ហិតល្ហៃ
– ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
– មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
– ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរៃនេះ។ល។

គ) ការធ្វើរោគវិនិច្ឆ័យ

ការរាគរ៉ាំរៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
– ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
– ការពិនិត្យឈាម និងលាមក
– ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
– ការបណ្ដុះមេរោគក្នុងលាមក (coproculture)
– ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរៃនេះ។

ឃ) ការព្យាបាល

ចូលចងចាំដែរថា ការរាគរូសរ៉ាំរៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាលគឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

Loading Facebook Comments ...