ថៃ ចំណាយ១០លានបាត សាងសង់សារមន្ទីរ រំលឹកដល់ការជួយសង្គ្រោះក្មេង ចេញពីរូងភ្នំថាំហ្លួង

0
669

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី០២ ខែ​សីហា ឆ្នាំ២០១៨ ម្សិលមិញ​នេះ ក្រុម​កម្មករ​សំណង់​ថៃ បាន​ចាប់ផ្ដើម​ការ​សាងសង់​សារមន្ទីរ​មួយ ដើម្បី​រំលឹក​ដល់​ការ​ជួយ​សង្គ្រោះ​ក្មេង​ចេញ​ពី​រូងភ្នំ​ថាំហ្លួង និង​ការ​ស្លាប់​របស់​អ្នក​មុជ​ទឹក​ម្នាក់​ផង​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ថៃ ១២នាក់ អាយុ​ចន្លោះ​ពី ១១ ដល់ ១៦ឆ្នាំ និង​គ្រូ​បង្វឹក​បាល់ទាត់​អាយុ ២៥ឆ្នាំ បាន​បាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ បន្ទាប់​ពី​ចូល​ទៅ​ក្នុង​រូងភ្នំ​ខាង​លើ។ រយៈពេល​ជាង​២សប្តាហ៍​ក្រោយ​មក ទើប​ពួកគេ​អាច​ចេញ​ពី​រូងភ្នំ​នោះ​បាន ដោយសារតែ​មាន​ការ​ជួយសង្គ្រោះ​ពី​អ្នក​ជំនាញ​ជាច្រើន មកពី​ជុំវិញ​ពិភពលោក។

យ៉ាងណាមិញ ការ​សាងសង់​សារមន្ទីរ​នោះ​បាន​ចាប់ផ្ដើម បន្ទាប់​ពី​ការ​ធ្វើ​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​មួយ កាល​ពី​ថ្ងៃ​ពុធ នៅ​ឯ​រូង​ភ្នំ​ថាំហ្លួង ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ ដើម្បី​សុំ​សេចក្ដី​សុខ។

គួរ​បញ្ជាក់​ថា សារមន្ទីរ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចំណាយ​ពេល​សាងសង់ ៥ខែ និង​ទឹកប្រាក់ ១០លានបាត (ប្រហែល ៣សែនដុល្លារ) ដែល​ឧបត្ថម្ភ​ដោយ​វិចិត្រករ​ជនជាតិ​ថៃ​ម្នាក់ មាន​ឈ្មោះ​ថា Chalermchai Kositpipat។

Chalermchai បាន​និយាយ​ថា «កន្លែង​នេះ​នឹង​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​របស់​យើង ព្រោះ​វា​នឹង​រំលឹក​ដល់​សហប្រតិបត្តិការ​អន្តរជាតិ និង​វីរបុរស​ដែល​បាន​លះបង់​ជីវិត។ អ្នកទេសចរ​មក​ពី​ជុំវិញ​ពិភពលោក នឹង​មក​លេង​កន្លែង​នេះ»។

សារមន្ទីរ​ខាងលើ​នឹង​មាន​គំនូរ​ប្រវែង ១៣ម៉ែត្រ​មួយ​ផ្ទាំង ដែល​បង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នក​ជួយសង្គ្រោះ រួម​ទាំង​អ្នក​មុជ​ទឹក​អង់គ្លេស​ដែល​រក​ឃើញ​ក្មេងៗ​ដំបូង​គេ​បង្អស់​ជាដើម៕

From: sabay.com.kh
Loading Facebook Comments ...